គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ប៉េប៉េអឹមចូលរួមពិព័រណ៍ PharmagoraPlus ២០២៥

កាលបរិច្ឆេទ: ០៩ មេសា ២០២៥ / សុខភាព / Author : ATH Sokren

ក្រោមការដឹកនាំរបស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាងសហគ្រាសផលិតឱសថប៉េប៉េអឹម បានចូលរួមពិព័រណ៍ Pharmagora Plus លើកទី៣៨ ដែលជាពិព័រណ៍ឱសថស្ថានដ៏ធំជាងគេនៅទីក្រុងប៉ារីស កាលពីថ្ងៃទី៨ និងថ្ងៃទី៩ នៅ Porte de Versailles និងមានអ្នកជំនាញផ្នែកឱសថស្ថានរាប់ពាន់នាក់ចូលរួម។

អ្នករៀបចំបានឱ្យដឹងថា ឆ្នាំនេះ​មាន​អ្នក​ចូល​រួម​ក្នុង​ពិព័រណ៍​មិន​តិច​ជាង​៨០០០​នាក់​ឡើយ​ក្នុងរយៈពេលពីរថ្ងៃ ក្នុងនោះអ្នកចូលរួមជាង៥៤០០នាក់គឺជាឱសថការី។ អ្នករៀបចំពិព័រណ៍សម្តែងក្តីរំភើបយ៉ាងដូច្នេះ៖ «បើមើលទៅលើការកើនឡើង​៥%​នៃ​ចំនួន​​ឱសថការីក្របខ័ណ្ឌធៀបទៅនឹងឆ្នាំ២០២៤ និង​អត្រាពេញ​ចិត្ត​នៃ​អ្នក​ចូល​រួម​កើន​ឡើង​៩៤%នោះ យើងអាចនិយាយបានថា ពិព័រណ៍​ឆ្នាំ​នេះ​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង!»។

សម្រាប់អ្នកស្រី Coumba Diallo នាយកផ្នែក​នាំចេញ​នៃ​សហគ្រាស​ផលិត​ឱសថ​ប៉េប៉េអឹ​ម​​នៅបណ្តាប្រទេសអាហ្រ្វិកនិយាយភាសាបារាំង ពិព័រណ៍មួយនេះគឺជាឱកាសដ៏ល្អមួយ «សម្រាប់ជួបជាមួយឱសថការីមកពីបណ្តាប្រទេសនានានៃទ្វីបអាហ្រ្វិក ដែល​អាច​ឈាន​ទៅបង្កើតភាពជាដៃគូជាមួយក្រុមការងាររបស់សហគ្រាសដែលមានវត្តមាននៅបណ្តាប្រទេស​របស់ពួកគេ នៅពេលដែលពួកគេត្រឡប់ទៅប្រទេសវិញ»។

ឆ្នាំនេះពិព័រណ៍ចាប់ផ្តើមនៅចំថ្ងៃទី៨ មីនា ដែលជាទិវាសិទ្ធិនារីអន្តរជាតិ។ ដោយ​ហេតុ​ដូច្នេះ​ហើយទើបកម្មវិធី «សុខភាពស្រ្តី» ត្រូវបានបង្កើតឡើងជាលើកដំបូង។

អ្នករៀបចំបានកត់សម្គាល់ថា ភាពចម្រុះនៃអ្នកតាំងពិព័រណ៍ គុណភាពនៃសន្និសីទ ការ​ផ្តោះ​ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកយ៉ាងសម្បូរបែប និងបរិកាសដ៏ស្និទ្ធស្នាល និង​សប្បាយរីករាយ​នៃព្រឹត្តិការណ៍នេះ ទទួលបានការសាទរពីសំណាក់អ្នកចូលរួម។

ពិព័រណ៍ឆ្នាំនេះទទួលបានចំណាប់អារម្មណ៍ជាពិសេសលើសន្និសីទនានា។ កម្មវិធី «សុខភាពស្រ្តី» និងកម្មវិធី «ការសិក្សាពីរោគសើស្បែក» ត្រូវបានបង្ហាញជាលើកដំបូង និងទទួលបានអ្នកចួលរួមយ៉ាងច្រើន។ នេះសបញ្ជាក់ឱ្យឃើញពីការកើនឡើងនៃចំណាប់អារម្មណ៍លើប្រធានបទមួយចំនួនដូចជា ការប្រើប្រាស់ឱសថនៅមន្ទីរពេទ្យកុមារ និងជំងឺសើស្បែកសំខាន់ៗ។

បើនិយាយពីអ្នកចូលរួមតាំងពិព័រណ៍ ឆ្នាំនេះមានការចូលរួមពីសំណាក់ក្រុមហ៊ុនសហគ្រាសផលិតឱសថ និង​ក្រុម​ហ៊ុន​ចែក​ចាយ​​ឱសថធំៗ និងស្ថាប័នជំនាញផ្នែកប្រព័ន្ធឌីជីថលនៅតាមឱសថស្ថាន អ្នក​ជំនាញ​ផ្នែក​អាហារបំប៉ន ផ្នែកមនុស្សយន្ត និងផ្នែកគ្រឿងសម្អាងជាដើម។ វត្តមានរបស់ក្រុមហ៊ុនដែលទើបបង្កើតថ្មី និង​ក្រុមហ៊ុន​វ័យក្មេង​ប្រកប​ដោយ​ភាព​ច្នៃប្រឌិតដែល​មានសក្កានុពលអភិវឌ្ឍខ្លាំង បាន​នាំ​មក​នូវ​វាយោ​ថ្មី​នៅសាលតាំងពិព័រណ៍។

អ្នករៀបចំពិព័រណ៍វាយតម្លៃថា៖ «ក្នុងរយៈពេលពីរថ្ងៃ ពិព័រណ៍​ឱសថស្ថាន​នៅ​ប្រទេស​បារាំង​បានប្រមូលផ្តុំតួអង្គសំខាន់ៗនៃឧស្សាហកម្មឱសថជាថ្មីម្តងទៀត ដើម្បី​ពិភាក្សា​គ្នា​ជុំវិញ​គោលដៅរួមគឺ ប្រមើលមើលពីឱសថស្ថាននៅថ្ងៃអនាគត»។ សម្រាប់ពួកគេ ការ​បញ្ចេញ​យោ​បល់​យ៉ាង​សកម្ម​នៅ​លើ​បណ្តាញ​សង្គម​ក្រោយ​ពី​ព្រឹត្តិការណ៍​ពិព័រណ៍​ត្រូវបាន​បញ្ចប់ (មានសារជាង៣០០ក្នុងរយៈពេលមួយអាទិត្យនៅលើ LinkedIn) បាន​ធ្វើ​ឱ្យ​ពិព័រណ៍នៅតែមានថាមពល និងសបញ្ជាក់ឱ្យឃើញថា ពិព័រណ៍ Pharmagora Plus បានជំរុញឱ្យមានភាពច្នៃប្រឌិត និង​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ភាគី​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ឱសថស្ថាន។ ពិព័រណ៍លើកក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ និងទី១៥ មីនា ឆ្នាំ២០២៦៕